ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែ មានទីតាំងស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩នេះ។
ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខាភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីតាំងជាច្រើនមានដូចជានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤។
ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ បើទោះបីជាយ៉ាងណា ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍នៅឡើយនោះទេ។ ករណីជំងឺកូវីដ១៩នៅកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស៕