ថវិកា ២០០លានដុល្លារ កម្ពុជាប្រើប្រាស់សម្អាតមីន រយៈពេល៣០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងពេលបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញ បានលើកឡើងថា ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។

បើតាមលោក លី ធុជ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

លោកបន្តថា រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទីបានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន គាំទ្រដល់យុទ្ធនាការនេះ។ គិតត្រឹមខែកក្កដា យុទ្ធនាការនេះទទួលបានថវិកាជាង ១៧លានដុល្លារអាមេរិក៕