ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានដ៏សំខាន់មួយសម្រាប់ពិភពលោកទាំងមូលថា ក្រុមស្រាវជ្រាវវេជ្ជសាស្រ្តយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃជំងឺ Covid-19 បានយ៉ាងជោគជ័យ។
Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ»។
សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕