លោកទាវ សុធារ័ត្ន នឹងលោក សម នរះសត្យា ដែលជា និស្សិតអាហារូបករណ៍សម្ដេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) បានប្រកាសថា ខ្លួនស្ម័គ្រចិត្តជាមួយ ក្រសួងសុខាភិបាល ដើម្បីជួយព្យាបាលពលរដ្ឋខ្មែរ ដែលកំពុងតែរងការឆ្លងនៃ វីរុសកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។
ផ្អែកតាមគណីយFacebook ឈ្មោះTeav Sothearoth បានសរសេរបែបនេះថា (តបតាមស្ថានការណ៍បច្ចុប្បន្នខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាននិងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួមនិងបម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈមនិងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធនិងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលដែលកំពុងប្រឈមជាមួយជម្ងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសនេៈខ្ញុំបាទពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ !)
បន្ទាប់ពីមានការបង្ហាញឆន្ទៈនៃការចង់ចូលរួមចំណែកជួយព្យាបាលពលរដ្ឋ ក្រសួងសុខាភិបាល បានធ្វើឲ្យមហាជនកោតសរសើរ និស្សិតទាំងពីររូបខាងលើនោះជាខ្លាំង។
សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ សម្រាប់ប្រទេសកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ចំនួន៣៥នាក់មកហើយ៕