លោក ប៉ាន សូរស័ក្តិ អះអាងថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយជួយវិស័យស្រូវអង្ករ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ លោកថា ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២ នេះដែរក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ប៉ាន សូរស័ក្តិ បន្ថែមថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ ជាពិសេសជាមួយប្រទេសចិន ដែលសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ ហើយជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន ៤០ម៉ឺនតោន ហើយតាមរយៈអនុស្សរណៈយោគយល់នេះនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន ដែលបានអនុវត្តន៍ សម្រាប់រយៈពេល ១០ខែ គឺកើនបាន ១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

លោកបន្ថែមទៀតថា ច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

លោកបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕