លោក ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៨ ខែមីនានេះថា កម្ពុជា គ្មានការយកលុយពីការពិនិត្យរកជំងឺកូវីដ១៩នោះទេ ទោះជាវិជ្ជមានក្តី ឬអវិជ្ជមានក្តី ។ អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះបានបញ្ជាក់ថា គិតមកដល់ព្រឹកនេះ ក្រសួងបានពិនិត្យសុខភាពជូនពលរដ្ឋដែលសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩ ចំនួន1112 នាកហើយ ក្នុងនោះមាន35 នាក់មានផ្ទុក វីរុសកូវីដ១៩។
ការលើកឡើងបែបនេះ ស្របពេលដែល លើបណ្ដាញសង្គមបានលើកឡើងថា ពលរដ្ឋដែលទៅ ពិនិត្យរកវីរុសកូវីដ១៩ បើរកមិនឃើញ ពេទ្យគិតប្រាក់ ហើយរកឃើញ ពេទ្យមិនគិតប្រាក់ឡើយ ដែលការលើកឡើងនេះ បានធ្វើឲ្យមហាជនមានចំណង់ជាខ្លាំង ទើបនាំឲ្យ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ឲ្យចម្ងល់។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទូទៅ ប្រសិនបើមានសុខភាពធម្មតា មិនធ្លាប់ ពាក់ព័ន្ធនឹង អ្នកឆ្លង វីរុសកូវីដ១៩ ទេ មិនចាំបាច់ទៅ រកពេទ្យពិនិត្យឡើយ សូមថែរក្សា ការរស់នៅប្រកបដោយអនាម័យឲ្យបានល្អ ជាប្រចាំ គឺជារឿងចាំបាច់បំផុត។
សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ សម្រាប់ប្រទេសកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ចំនួន៣៥នាក់មកហើយ៕
រូបភាព៖ Sabay