កាលពីម្សិលមិញនេះ នៅលើកំពូលភ្នំបូកគោ មានព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុង ដែលរៀបចំឡើងដោយ សណ្ឋាគារឋានសួគ៌ សុខា ដើម្បីបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ជាមួយគ្នានេះ ម្ចាស់ជ័យលាភីទាំង២១រូប ព្រមទាំងអ្នកចូលរួមជាតិ និងអន្តរជាតិ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយប្រកបដោយស្នាមញញឹម។

ទន្ទឹមនឹងនេះ លោក ម៉ា វីរ៉ូ ជាម្ចាស់ជ័យលាភីលេខ១ រត់ពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ បានផ្ដល់បទសម្ភាសដល់ឧកញ៉ាញូស៍ថា គាត់ពិតជាមានអារម្មណ៍រំភើបក្នុងការទទួលបានជ័យលាភី និងសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីលេងកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសជាការរួមចំណែកជួយមន្ទីរពេទ្យកុមារគន្ធបុប្ផា។ លោក ក៏បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលចូលរួមជាកីឡាករក្នុងកម្មវិធីនេះ បើមានព្រឹត្តិការណ៍ឆ្នាំក្រោយទៀត លោកនៅតែបន្តចូលរួម។

ចំណែក កីឡាករវ័យ ១៨ឆ្នាំ មាស តាន ជាម្ចាស់ជ័យលាភីលេខ ១ ចម្ងាយ ៥គីឡូម៉ែត្រ បានយល់ឃើញថា ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យ ជាពិសេសនៅលើកំពូលភ្នំបូកគោតែម្តង ក៏ដូចជាការជំរុញប្រជាពលរដ្ឋយល់ដឹងពីវិស័យកីឡា ជាពិសេសគឺការចូលរួមចំណែកបរិច្ចាគថវិកាដល់កុមារកម្ពុជា។
គួររម្លឹកផងដែរថា កីឡារត់ពាក់កណ្តាលម៉ារ៉ាតុង ដែលប្រព្រឹត្តទៅនៅលើភ្នំបូកគោមានគ្រប់កម្រិត ចំណាត់ថ្នាក់ ដែលបានបែងចែកជា ៤ ប្រភេទរួមមាន រត់កម្សាន្ត ៣គីឡូម៉ែត្រ រត់ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ៕







