ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៦ ក្នុងទំហំទឹកប្រាក់ ២៥៥,៦ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៤.៩៥៤ កន្លែងបន្ថែមទៀត ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាពេលថ្មីៗនេះ បានបញ្ជាក់ពីគម្រោងវិនិយោគ៦នោះរួមមាន ៖
១- HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។

២- GREEN VISION RISING CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៣- TELEMOBILE (CAMBODIA) CORPORATION (T.C.C) គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

៤- ZHUO KANG SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៤៩កន្លែង។

៥- FANMAR AUTO PART (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។

៦- YANLING ACCESSORIES (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង។





