លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានមហាសន្និបាតវិសាមញ្ញ ជ្រើសតាំងជា ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្អូនរបស់លោក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយមហាសន្និបាតវិសាមញ្ញ មើលឃើញពីតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្នក្នុងដំណើរការបេសកកម្ម តួនាទី និងភារកិច្ចរបស់ខ្លួន ដោយសម្រេចអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងសម្រេចជាឯកឆន្ទជ្រើសតាំងជាប្រធានកិត្តិយស លើកដំបូង។
លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត ជាសមាជិកថ្នាក់កណ្ដាល និងប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នជាឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្រសួងការពារជាតិ។
នាឱកាសនៃពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមក។ លោកថា ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបថា រយៈពេល ០២ ថ្ងៃនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំងលោក ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូប និងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ៕