ចៅស្រីរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់ទៀតឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” នឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខណៈដែលលោក អ៊ាង សុផល្លែត ដែលត្រូវជាឪពុករបស់កូនក្រមុំ បានត្រៀមផ្កាស្បៃរឿងចំនួន ១លានទង ដាំដោយផ្ទាល់ដៃតែម្តង ដើម្បីតែងលំអរក្នុងរោងពិធី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃនេះ គឺដើម្បីបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងចំពោះកូនស្រី និងចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង ដោយពុំចាំបាច់យកពីបរទេស ជាពិសេសគឺអាចជួយផ្តល់ការងារដល់ប្រជាជនកម្ពុជាបានទៀតផង។
សូមបញ្ជាក់ថា កូនស្រីរបស់លោក អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី ឈ្មោះ “អ៊ាង និធិជ្ជនី ដឺណេ” នឹងត្រូវអាពាហ៍ពិពាហ៍ជាមួយនឹងកូនកំលោះឈ្មោះថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកក៏ធ្លាប់កាន់តួនាទីជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។
តាមកម្មវិធីគ្រោងទុក អាពាហ៍ពិពាហ៍ខាងលើនេះ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ ខណៈដែលពិធីញ៉ាំអាហារពេលល្ងាច នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
គួររំឭកថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ចៅស្រីរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់មានឈ្មោះថា ផន សុផានីសា បានរៀបការជាមួយកូនកំលោះមានឈ្មោះថា អ៊ឹង ឬទ្ធី ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងបានធ្វើឱ្យកក្រើកបណ្តាញសង្គមនៅកម្ពុជាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖