រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី យ៉ង សាំងកុមារ ចេះភាសាចំនួន ៣ និងកាន់ពានរង្វាន់ណូបែលអាសុី

សង្គម​ និង​សេដ្ឋកិច្ច

មួយថ្ងៃក្រោយជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយផ្ទាល់លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែង​តាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ និងលោក យ៉ង សាំងកុមារ

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា លោក យ៉ង សាំងកុមារ និង​រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ពិភាក្សាអស់រយ:ពេល​ប្រមាណ ២ម៉ោង នាភូមិគ្រឹះនៃទីក្រុងតាខ្មៅខេត្តកណ្តាល។ ក្រោយកិច្ចប្រជុំនេះ លោក យ៉ង សាំងកុមារ បានប្រកាសតាមហ្វេស​ប៊ុកថា «ជាទូទៅយើង​មានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្ម​នៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»​។

លោក យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកជាគ្រូបង្រៀន ចំណែកឯអ្នកម្តាយជាកសិករ។

មានវ័យ ៥៦ឆ្នាំ លោក យ៉ង សាំងកុមារ អតីតសហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។

ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិក នៃប្រទេស​អាល្លឺមង់ នៅក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ។ ក្រៅពីភាសាកំណើត បណ្ឌិត យ៉ង សាំងកុមារ ចេះ និងអាចនិយាយដល់ទៅ៣ភាសាឯណោះ គឺ ភាសាអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ទទួលពានរង្វាន់ Ramon Magsaysay Award ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់, អាហារូបករណ៍ Friedrich Neumann អាល្លឺម៉ង ជាដើម។

ខាងក្រោមនេះ ប្រវត្តិការងារសំខាន់ៗរបស់លោក យ៉ង សាំងកុមារ មានដូចជា៖

• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣

• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧

• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក (CEDAC) ពីឆ្នាំ១៩៩៧-២០១៥

• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦

• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ

• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។

មុនទទួលការតែងតាំងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធ្លាប់បំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕