សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើសារជូនពរជនរួមជាតិ ដែលបញ្ជាក់ជាមោទនភាពរបស់កម្ពុជា បន្ទាប់ពីដាក់ “គុនល្បុក្កតោ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីរាត្រីថ្ងៃទី ២៩ វិច្ឆិកា នាទីក្រុង Rabat ប្រទេសម៉ារ៉ុក ម្សិលមិញនេះ ។
តាមរយៈលិខិតផ្ញើសារជូនជនរួមជាតិ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេសក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។
សម្តេចតេជោបញ្ជាក់ថា ការចុះបញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបានទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ វិសេសវិសាលថ្វាយចំពោះព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់តែងប្រោសប្រទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង វិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គណ:កម្មការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ ជាពិសេសសហគមន៍សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ « គុនល្បុក្កតោ» ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ក្នុងនោះដែរ សម្តេចតេជោបានអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្ដាញព័ត៌មានទាំងអស់មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់ នេះឲ្យបានទូលំទូលាយបំផុត៕