ក្រុមពិធីការមកពី៤ក្រសួង ត្រៀមទទួលភ្ញៀវថ្ងៃមង្គលការចៅស្រី លោក ជា សុផារ៉ា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារពិធីការមកពី ៤ ក្រសួង ស្ថាប័នរបស់រដ្ឋ ​​នឹង​រួម​គ្នា​​​​​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវកិត្តិយស ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​កំពូលៗ អ្នកឧកញ៉ា ឧកញ៉ា ​និង​អ្នកមុខ​អ្នកការ​ជា​ច្រើន​រូប​​ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ចៅ​ស្រី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ថ្ងៃទី​០៤-០៥ ខែ​ធ្នូ ឆ្នាំ២០២២ ខាង​មុខនេះ។ នេះ​បើ​តាម​នាយិការ​ពិធីការ​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា បាន​​​ថ្លែង​​ឱ្យ​ដឹង នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅស្រី លោក ជា សុផារ៉ា មាន​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវ​ជា​កូនស្រីរបស់លោក អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុផាកន្នី ​​នឹង​ត្រូវ​ចូល​រោងជ័យ​រៀប​មង្គលការ​ដ៏​ធំ​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​លោក​ក៏​​​​​​​ធ្លាប់​កាន់​​តួនាទី​ជា​​អគ្គ​នាយករង​គយ និងរដ្ឋាករ​កម្ពុជា។

បើតាមលោកស្រី គីម ពៅ នាយិការ​ពិធីការ​​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ​​បាន​ថ្លែង​ឱ្យ​ដឹង​​ក្នុង​កិច្ច​ប្រជុំ​ការងារ​ពិធីការ ​​ត្រៀម​មង្គលការ​​ខាង​លើ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២២​នេះ ថា ពិធីរៀបអាពាហ៍ពិពាហ៍​នេះ ​​នឹង​មាន​ក្រុមការងារ​ពិធីការ មក​ពី​៤​ក្រសួង​រួម​គ្នា ​ដើម្បី​ទទួលភ្ញៀវកិត្តិយស ​ក្នុង​នោះ​រួម​មាន ក្រុមការងារ​ក្រសួង​រៀបចំដែនដី ចំនួន​​ប្រមាណ​ ៧០​នាក់ និង​ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និង​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សរុប​រាប់រយ​នាក់​បន្ថែម​ទៀត។

លោកស្រី គីម ពៅ បាន​បញ្ជាក់​ឱ្យដឹង​បន្ថែម​ថា ​សម្រាប់​កម្មវិធី​នៅ​ល្ងាច​ថ្ងៃទី​០៤ និង​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ នឹង​ត្រូវ​ធ្វើ​នៅភូមិគ្រឹះ​របស់លោក​ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​កម្មវិធី​​ទទួល​ទានអាហារ​នៅ​ល្ងាច​ថ្ងៃទី​០៥ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ។ ចំណែក​ឯ​ក្រុមការងារ​ពិធីការ​​ទាំង​អស់ តម្រូវ​ឱ្យ​ពាក់​​អាវ​ហូល​សម្រាប់​បុរស និង​​ពាក់​អាវប៉ាក់​សម្រាប់​នារី នៅ​ក្នុង​កម្មវិធី​​ពេញ​ទាំង​ពីរ​ថ្ងៃ​តែ​ម្តង។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ-កូនក្រមុំ​ខាង​លើ ​​ក៏​​នឹង​មាន​តែង​លំអរ​ផ្កា​ស្បៃ​រឿង​ចំនួន ១​លាន​​ទង ​ដែល​ដាំ​ដោយ​ផ្ទាល់​ដៃ​ផង​ដែរ។ លោក អ៊ាង សុផល្លែត ឪពុក​របស់​កូន​ក្រមុំ ​​បានជ្រើស​យក​ការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃ​នេះ គឺ​ដើម្បី​​​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​កូន​ស្រី និង​ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធី​ផ្សេងៗ គឺយើងអាចដាំបាន​ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​យក​ពី​បរទេស ជាពិសេស​គឺ​អាច​​ជួយ​ផ្តល់ការងារ​​ដល់​ប្រជាជន​កម្ពុជា​បាន​ទៀត​ផង៕