កម្ពុជា ឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ទៅកាន់សហភាពអឺរ៉ុប ដែលត្រូវបានអនុវត្តសម្រាប់រយៈពេល ៣ឆ្នាំកន្លងទៅ។
សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។
សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ដើម្បីរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។
ក្នុងសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩តទៅ អឺរ៉ុបនឹងកំណត់ដកហូតពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាផងដែរ ដោយឆ្នាំទី នឹងកំណត់ដកហូតពន្ធគយក្នុងតម្លៃ១៧៥ អឺរ៉ូ ឬស្មើនឹងប្រមាណ ២០០ ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ នឹងកំណត់ដកហូតពន្ធមកនៅត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹងជាង ១៧០ដុល្លារអាមរិក និងឆ្នាំទី៣ ការដកហូតពន្ធនឹងថយចុះមកនៅ ១២៥ អឺរ៉ូ ឬស្មើនឹងជាង ១៤០ ដុល្លារអាមេរិក នៅក្នុងអង្ករមួយតោន។
សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
សហព័ន្ធស្រូវអង្ករ បានអះអាងជាសាថ្មីអំពីភាពជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សូមជម្រាបថា តាមរបាយការណ៍ពីគណៈកម្មការអឺរ៉ុប ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលអង្ករទៅសហភាពអឺរ៉ុបមានជាមធ្យមប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុបក៏ជាទីផ្សារធំមួយរបស់ វិស័យស្រូវអង្ករកម្ពុជាផងដែរ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល៥ខែឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
ក្នុងនោះ ប្រទេសបារាំង ជាប់ចំណាត់លេខ១ ក្នុងទ្វីបអឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងរយៈពេល៥ខែមកនេះ បារាំងទិញអង្ករជាង៣.៦ម៉ឺនតោន, លេខ២ ប្រទេសហូឡង់ ចំនួនជាង១ម៉ឺនតោន៕