លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ ថ្លែងក្នុងឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា និស្សិតត្រូវមានគោលដៅជីវិត ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត ។ លោកថា សាកលវិទ្យាល័យ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ មោទនភាព និងទំនុកចិត្ត ដល់សាស្ត្រាចារ្យ និង និស្សិត។ កេរ្តិ៍ឈ្មោះល្អ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នា ឥតឈប់ឈរ ។
ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ នូវកិត្តិនាមល្អបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើនរូប។លោកបានបន្ថែមថា សាស្ត្រាចារ្យ គឺជាអ្នកផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ។ កាលណាធនធានមនុស្សខ្លាំង នោះអាចបង្កើត ស្នាដៃ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ រួមទាំងកសិកម្មផងដែរ។ លោកបន្តថា លោកគ្រូ អ្នកគ្រូ គឺជាអ្នក ចាក់សោរបើកទ្វាឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង ។ហើយជាមោទនៈភាពរបស់គ្រូ នៅពេលដែលសិស្ស និស្សិតរបស់ខ្លួនទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីកសិកម្មវ័យក្មេងរូបនេះ បានក្រើនរំលឹកដល់និស្សិតគ្រប់រូប ត្រូវមានគោលដៅជីវិត ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគតរបស់យើងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនធានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង លោកបានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទកសិកម្មបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះបាទនរោត្តមសីហនុ៕