នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ពិធីរៀបអាពាហ៍ពិពាហ៍របស់ចៅស្រី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមកម្មវិធីជាផ្លូវការហើយ។ តើពិធីមង្គលរបស់ត្រកូលគ្រួសារថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីបែបណាខ្លះ?
សូមជម្រាបថា ចៅស្រី លោក ជា សុផារ៉ា មានឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវជាកូនស្រីរបស់លោក អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី នឹងត្រូវចូលរោងជ័យរៀបមង្គលការដ៏ធំជាមួយនឹងកូនកំលោះឈ្មោះថា “ប៉ែន សំអាត សុទ្ធចិត្ត” កូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។
បើតាមលោកបណ្ឌិត ថេង ច័ន្ទសង្វារ នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហើបឱ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារពិធីការនៃអាពាហ៍ពិពាហ៍ខាងលើ កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ថាពិធីមង្គលការដ៏ធំមួយនេះ នឹងមានកម្មវិធីដូចខាងក្រោម៖
កម្មវិធីថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២
ម៉ោង៩:៣០នាទីព្រឹក៖ ជួបជុំភ្ញៀវកិត្តិយសទាំងអស់នៅគេហដ្ឋានខាងប្រុស (បឹងកេងកង)
ម៉ោង៩:៤៥នាទីព្រឹក៖ ពិធីសំអាងកេសា
ម៉ោង១០:៤៥នាទីព្រឹក៖ ពិធីកាត់ផ្កាស្លា (អញ្ជើញភ្ញៀវកិត្តិយសទទួលទានអាហារពេលថ្ងៃត្រង់នៅគេហដ្ឋានខាងប្រុស)
ម៉ោង១៣:៤៥នាទីរសៀល៖ ពិធីហែផ្កាស្លាចូលរោងជ័យនៅភូមិគ្រឹះលោក ជា សុផារ៉ា
ម៉ោង១៤:១៥នាទីរសៀល៖ ពិធីក្រុងពាលីខាងបាយសីកុល
ម៉ោង១៥:១៥នាទីរសៀល៖ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត (ប្រព្រឹត្តទៅនៅមុខហ្វុងផ្កាខាងឆ្វេងដៃ)
ម៉ោង១៦:១៥នាទីរសៀល៖ ពិធីព្រេនជីដូនជីតា គួចចំណងដៃតូច ជុំពាលា និងជាវខាន់ស្លា
ម៉ោង១៧:៣០នាទីល្ងាច៖ ពិធីចុះសំបុត្រអាពាហ៍ពិពាហ៍ (អញ្ជើញភ្ញៀវកិត្តិយសទទួលទានអាហារពេលល្ងាច)
ម៉ោង១៨:៣០នាទីល្ងាច៖ ពិធីបុកល័ក្ត និងធ្វើធ្មេញ (ប្រព្រឹត្តទៅនៅរោងធំមុខផ្ទះឈើ)។
កម្មវិធីថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២
ម៉ោង៦:៣០នាទីព្រឹក៖ ជួបជុំភ្ញៀវកិត្តិយសទាំងអស់រៀបចំហែជំនូន (ជំនូនសរុប៨៨គូ)
ម៉ោង៧:០០នាទីព្រឹក៖ ពិធីហែជំនូនអ្នកមហាទាំងបីនិយាយជើងការ និងទទួលស្លាកំណត់ ពិធីបំពាក់ចិញ្ជៀន (អញ្ជើញភ្ញៀវកិត្តិយសទទួលទានបបរពេលព្រឹក)
ម៉ោង៩:១៥នាទីព្រឹក៖ ពិធីកាត់សក់បង្កក់សិរី (ប្រព្រឹត្តទៅនៅមុខរូបអង្គរវត្ត)
ម៉ោង១០:២៥នាទីព្រឹក៖ ពិធីសំពះពេលានៅរោងក្រុងពាលី
ម៉ោង១០:៣៥នាទីព្រឹក៖ ពិធីក្រាបសំពះផ្ទឹម នងព្រះថោងនាងនាគ (ប្រព្រឹត្តទៅនៅមុខរូបអង្គរវត្ត) – អញ្ជើញភ្ញៀវកិត្តិយសទទួលទានអាហារថ្ងៃត្រង់
ម៉ោង១៧:០០នាទីល្ងាច៖ ទទួលភ្ញៀវកិត្តិយសពិសាភោជនាហារពេលល្ងាចនៅមជ្ឈមណ្ឌល OCIC អគារ D។
សូមជម្រាបថា ពិធីរៀបអាពាហ៍ពិពាហ៍របស់កូនកំលោះ-កូនក្រមុំខាងលើ ក៏នឹងមានតែងលំអរផ្កាស្បៃរឿងចំនួន ១លានទង ដែលដាំដោយផ្ទាល់ដៃផងដែរ។ លោក អ៊ាង សុផល្លែត ឪពុករបស់កូនក្រមុំ បានជ្រើសយកការដាំផ្កាស្បៃរឿង ប្រមាណ ១លានទង ដោយផ្ទាល់ដៃនេះ គឺដើម្បីបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងចំពោះកូនស្រី និងចង់ បង្ហាញ ដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង ដោយពុំចាំបាច់យកពីបរទេស ជាពិសេសគឺអាចជួយផ្តល់ការងារដល់ប្រជាជនកម្ពុជាបានទៀតផង។
លើសពីនេះ ក្រុមការងារពិធីការមកពី ៤ ក្រសួង ស្ថាប័នរបស់រដ្ឋ ដែលរួមមាន ក្រុមការងារក្រសួងរៀបចំដែនដី ចំនួនប្រមាណ ៧០នាក់ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបរាប់រយនាក់បន្ថែមទៀត នឹងរួមគ្នាត្រៀមទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស ដែលរួមមានថ្នាក់ដឹកនាំកំពូលៗ អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការជាច្រើនរូប នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះ៕