ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។
លោក ប៉ែន បូណា បច្ចុប្បន្នជាបុគ្គលិកជាន់ខ្ពស់ កាន់តួនាទីជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN ដ៏ធំប្រចាំកម្ពុជា ដែលវិនិយោគពីអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group ។
លោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុងវិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តុិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។
លោកកំពុងដឹកនាំស្ថាប័នក្រៅរដ្ឋាភិបាលមួយក្នុងវិស័យព័ត៌មាន គឺប្រធានក្លិបអ្នកកាសែតកម្ពុជា ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ដែលប្រមូលផ្តុំដោយអ្នកសារព័ត៌មាន ហើយធ្វើការបណ្តុះបណ្តាល ដើម្បីជាអាវុធអាវក្រោះក្នុងអាជីពអ្នកកាសែត។ មានប្រសាសន៍ក្នុងកម្មវិធីនានាពេលកន្លងទៅ លោក ប៉ែន បូណា ធ្លាប់បានឡើងរឿយៗថា វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។
លោក ប៉ែន បូណា អតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំមុនឈានជើងមកកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN ៕