លោក ប៉ែន បូណា សម្រេចលាលែងដំណែកជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយលោកទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

លោក បូណា ជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុងវិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពដែលកំពុងទទួលបានប្រជាប្រិយភាព។ក្រោយពីមើលឃើញពីសមត្ថភាពបែបនេះទើប ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចតែងតាំងលោកជា រដ្ឋលេខាធិការក្រសួងព័ត៌មាន។
គួរបញ្ជាក់ថា ក្រោយលោកលាលែងពីតំណែងក្លឹបអ្នកកាសែតកម្ពុជា គណៈកម្មាធិការនាយក ក.អ.ក.សម្រេចជ្រើសតាំង លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក ខៀវ កូឡា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា៕
