ក្រសួងដែនដីត្រឹម៩ខែឆ្នាំនេះ គម្រោង​​សង់អគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើង ​មានជិត១០០គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុង​រយៈ​ពេលមួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ទុនវិនិយោគក្នុងវិស័យសំណង់ កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់។ ជាក់ស្តែង ក្រសួងថា គិតត្រឹម៩ខែ ឆ្នាំ២០២២នេះ គម្រោងសង់អគារកម្ពស់ខ្ពស់នៅកម្ពុជា ចាប់​ពី៥​ជាន់​ឡើង មានជិត១០០គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ លើកទី១២ របស់​សមាគមអ្នកសាងសង់កម្ពុជា​ និង​បើកការ​តាំង​ពិពណ៌ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ​ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ​ក្នុង​រយៈ​ពេល​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ ទុនវិនិយោគលើវិស័យសំណង់ កម្ពុជាមានកំណើនទៀងទាត់ និង​នៅតែ​បន្តរីក​ចម្រើន​ជាលំដាប់ ជាពិសេស ការសាងសង់សំណង់ធំៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំងជាដើម។

ជាក់ស្តែង ឯកឧត្តមបន្តដូច្នេះថា៖«រយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី ​នគរូបណីយកម្ម​ និងសំណង់ បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ទូទាំងប្រទេសមាន ៣១៧៦គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ១៩៦៣លាន​ដុល្លារអាម៉េរិក ​ក្នុងនោះផ្តល់លិខិតអនុញ្ញាតសាងសង់​គម្រោងបណ្តុំលំនៅឋានបុរី មាន២០​គម្រោង​​សង់អគារកម្ពស់ខ្ពស់ចាប់ពី៥ជាន់ឡើង ​មាន៩៨គម្រោង ស្មើ១០០អគារ»

យ៉ាងណាក៏ដោយ តាមរយៈពិពណ៌​ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ២០២២នេះ ឯកឧត្តម លាង មុនីរិទ្ធ នៅក្នុងពិធីនេះ អំពាវនាវភាគីពាក់ព័ន្ធក្នុងវិស័យសំណង់​ទាំងអស់ ​ត្រូវរួមគ្នាគោរពច្បាប់សំណង់ ​ក្រមសីលធម៌ និង​លិខិត​ដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានា​ ដើម្បី​ធនា​បាន​ទាំងសុវត្ថិភាព​ អនាម័យ បរិស្ថាន​ សោភ័ណ គុណភាពសំណង់ និងបន្តចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តរីករចំរើន៕