ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន ០៥រូប ឋានៈស្មើ រដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៧។
នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីទាំង ៥រូបនោះក៏មានកូនប្រុសកណ្តាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានិត ឈរលេខរៀងទី២ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើសមុខងារបច្ចុប្បន្ន ជាឧត្តមសេនីយ៍ផ្កាយ ២ ប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិ អនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា, អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
នៅក្នុងជួរ គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានិត ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល។
នៅលេខរៀងទី១ គឺលោក ឈីវ យីស៊ាង មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើសមុខងារបច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកក៏ជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
ចំណែកឯទី៣ លោក ប៉ាន់ខែម ប៊ុនថន មានឋានៈស្មើរដ្ឋមន្ត្រី លោកជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ នៅលេខរៀងទី៤ លោក ស្លាត សុភាព មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន និងលោក ហាក់ សុខហៃ ឈរលេខរៀងទី៥ មានឋានៈស្មើរដ្ឋមន្ត្រី។
សូមជម្រាបថា ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដែលហៅកាត់ថា «ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី មានលោក ហូ សិទ្ធី ជានាយកមានឋានៈស្មើទេសរដ្ឋមន្ត្រី។
លោក ហូ សិទ្ធី មាននាយករង២២រូបទៀត ដែលក្នុងនោះ មាន លោក ប្រាក់ វណ្ឌឌី លោក ង៉ែត បូរី លោក ហ៊ីង ប៊ុនហៀង លោក ហ៊ុយ ពិសិដ្ឋ លោក អ៊ី ឈាន ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
លោក យី ដន លោក គីម ប៊ុនថាន លោក ហ៊ុន ស៊ីថា លោក រស់ កុសល លោក តាន់ បញ្ញាវុធ លោក ចៅ តុល លោកស្រី ម៉ែន នារីសោភ័គ លោក ឈរ ផល្លី លោក កែវ បាភ្នំ លោក សេង ទៀង និងលោក កឹមរ័ត្ន វិសិដ្ឋ មានឋានៈស្មើរដ្ឋមន្ត្រី។
លោក ឈីវ យីស៊ាង លោក ហ៊ុន ម៉ានិត លោក ប៉ាន់ខែម ប៊ុនថន លោក ស្លាត សុភាព លោក ហាក់ សុខហៃ មានឋានៈស្មើរដ្ឋមន្ត្រី និងលោក អ៊ុំ គីតូ មានឋានៈស្មើររដ្ឋលេខាធិការ។
ចំណែកឯសមាសភាពពិធីការ ដែលហៅកាត់ថា «ពិធីការសម្តេចតេជោ នាយករដ្ឋមន្ត្រី» ដឹកនាំដោយលោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការដែលមានឋានៈស្មើរដ្ឋមន្ត្រី។ សមាជិកពិធីការ៤រូបផ្សេងទៀតរួមមាន លោកស្រី ទ្រី សុខា លោក ជា យុពា ដែលមានឋានៈស្មើរដ្ឋលេខាធិការ លោក សុខ សូរិយា និងលោកស្រី រស់ ច័ន្ទផល្លី មានឋានៈស្មើអនុរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ សមាជិក «ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី» ដែលត្រូវបំពេញការងារផ្ទាល់នៅខុទ្ទកាល័យ មានចំនួន៣១រូប ដោយ២៤រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង៦រូប មានឋានៈស្មើអគ្គនាយក។
សមាជិកក្រុមលេខា ផ្សេងទៀត មានចំនួន៣៥រូប ដោយ១៣រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង២២រូបទៀត មានឋានៈស្មើអគ្គនាយក៕