ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះសារអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែល “ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” (CamDX) ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards )។
កម្មវិធីនេះ ទទួលបានសហការគាំទ្រដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា ជាប្រទេសមួយក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlisted) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧ រូប ឱ្យឈ្នះជ័យលាភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។
សម្តេចតេជោ បន្តថា ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ។ សម្តេច ក៏បានស្នើឱ្យក្រសួង-ស្ថាប័នទាំងអស់លើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញយកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបានចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលជាមធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។
សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ។ ថ្នាល CamDX ក៏កំពុងពង្រីកវិសាលភាពរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាផងដែរ៕