ពិធីពិសាភោជនាហារពេលល្ងាច ក្នុងមង្គលការចៅស្រីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) យប់មិញនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការជាច្រើន។

កម្មវិធីសិរីមង្គលដ៏ធំនេះ តំណាងខាងកូនកំលោះ-កូនក្រមុំ បានជ្រើសរើសយកចុងភៅ “តាំង តិច ម៉េង” ហើយក្នុងនោះសម្រាប់អាហារពេលល្ងាច សុទ្ធតែម្ហូបពិសេសៗ មានរហូតដល់ទៅ ៩ មុខ ដូចខាងក្រោម៖
១. មហាសម្បត្តិទាំង៦មុខ

២. ស៊ុបហ៊ីឈី ជាមួយឈ្លើងសមុទ្រ និងប៉ាវហ៊ឺ

៣. បង្កងនាគបំពងជាមួយខ្ទឹមស

៤. ខសាច់គោសរសៃស្រួយ និងនំប៉័ង

៥. ត្រីព្រិលបំពងស្រួយស្រូបទឹកត្រីក្រូចឆ្មារ

៦. ស៊ុបង៉ាំង៉ូវសាច់មាន់

៧. ឆាគុយទាវ គ្រឿងសមុទ្រ

៨. បាយស បាយឆាអូលីវ

៩. បង្អែមសុភមង្គល

គួរបញ្ជាក់ថា ចៅស្រី លោក ជា សុផារ៉ា មានឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវជាកូនស្រីរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាននិងលោកជំទាវ ជា សុផាកន្នី នឹងត្រូវចូលរោងជ័យរៀបមង្គលការដ៏ធំជាមួយនឹងកូនកំលោះឈ្មោះថា “ប៉ែន សំអាត សុទ្ធចិត្ត” កូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។

ពិធីមង្គលរបស់កូនកំលោះ-កូនក្រមុំខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមពិធីកាត់សក់បង្កក់សិរីនៅភូមិគ្រឹះឯកឧត្តម ជា សុផារ៉ា នៅពេលព្រឹកថ្ងៃទី០៥ ធ្នូ ហើយសម្តេចក៏បានអញ្ជើញចូលរួមក្នុងពិធីពិសាភោជនាហារពេលល្ងាច នៅមជ្ឈមណ្ឌល OCIC ផងដែរ៕