នៅថ្ងៃនេះ ជាថ្ងៃចាប់ផ្ដើមបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ រៀបចំឡើងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩ដល់១៤ ខែធ្នូ ឆ្នាំ២០២២។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារសរុបប្រមាណ៨០ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ បានរង់ចាំបើកទ្វារស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារក្រសួងទេសចរណ៍ ឯកឧត្ដម គឹម សេរីរដ្ឋ ក៏បានបញ្ជាក់ដែរថា ឥឡូវមានការកក់បន្ទប់ ស្នាក់នៅ អស់ច្រើនហើយ ប៉ុន្តែមិនជាបញ្ហាក្នុងការខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះឡើយ ។ ក្រុងព្រះសីហនុមានកន្លែងស្នាក់នៅ គ្រប់គ្រាន់ ព្រមទាំងមានជម្រើសជាច្រើនដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។
ដោយឡែក ប្រសិនគ្មានការប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ។ ហើយរសៀលថ្ងៃដដែល សម្តេចតេជោនឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានទទួលវិញ្ញាបនបត្របញ្ជាក់ ពីឆ្នេរខ្សាច់ស្អាតលំដាប់ពិភពលោក កាលពីឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹបឆ្នេរខ្សាច់ ដែលមានសមាជិក២៦ប្រទេស។
សម្រាប់ឆ្នាំ២០២២នេះ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ចាប់ពីថ្ងៃសុក្រ ទី៩ធ្នូ ដល់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ នៅខេត្តព្រះសីហនុ បន្ទាប់ពីខកខាន ២ឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០២០ និង២០២១ ដោយសារតែកូវីដ១៩៕