នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុ និងបានងូតទឹកសមុទ្រលេងកម្សាន្តជាមួយនឹងប្រជាពលរដ្ឋយ៉ាងសាមញ្ញ ដ៏សប្បាយរីករាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាមួយនឹងរូបភាពងូតទឹកលេងនៅខេត្តព្រះសីហនុ ជាមួយនឹងការអមដំណើរដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត យ៉ាងដូច្នេះថា៖ “ខ្មែរធ្វើបាន ប្រទេសមានសន្តិភាពមិនលំបាករឿង ការពារសន្តិសុខនោះឡើយ។ មុជទឹកជាមួយប្រជាជនបង្រៀនក្មេង ហែលទឹក ជារឿងសប្បាយសម្រាប់ខ្ញុំ។ បុណ្យសមុទ្រឆ្នាំនេះសប្បាយ បន្ទាប់ពីគ្រប់គ្រងកូវីដ១៩ បាន”។
កាលពីព្រឹកមិញនេះ សម្តេចតេជោ បានបង្ហាញឱ្យដឹងថា សម្តេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ សម្តេចតេជោ ក៏បានឆ្លៀតបង្ហើបឱ្យដឹងផងដែរថា កម្ពុជាកំពុងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីបើកមហាសន្និបាតក្លឹបកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ស្អែកនេះ៕





