នៅឆ្នាំ២០២៣ខាងមុខ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជាតាមរយៈវិនិយោគិនបរទេស នឹងចាប់ផ្តើមសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPCL) ដែលមានតម្លៃប្រមាណ ២០០លានដុល្លារអាមេរិក។
គម្រោងនេះ ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមខែវិច្ឆិកាឆ្នាំ២០២២។ គម្រោងនេះ
ត្រូវធ្វើឡើងជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមឡើងនៅឆ្នាំ២០២៣ និងអាចបញ្ចប់នៅឆ្នាំ២០២៥។
គម្រោងអភិវឌ្ឍន៍វិស័យភស្តុភារកម្ម និងដឹកជញ្ជូនដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱ្យក្រុមហ៊ុនសិង្ហបុរី YCH Group ជាអ្នកទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍគម្រោងនេះដើម្បីតភ្ជាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងលើពិភពលោក។
ថ្លែងនៅក្នុងឱកាសសម្ពោធគម្រោងតាំងបង្ហាញជាផ្លូវការនោះ លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group បានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់ឡើងជា៣ដំណាក់កាល ជាមួយទុនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក នឹងត្រូវចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ប៉ុន្ដែ លោកមិនបានបញ្ជាក់អំពីទីតាំងជាងក់លាក់របស់គម្រោងនេះនៅឡើយទេ។
តាមរយៈគម្រោងនេះ លោក Robert រំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភ័ស្តុភារកម្មសម្រាប់អាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដារសម្រាប់ឧស្សាហកម្មខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន YCH Group គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់សិង្ហបុរី ដែលផ្តល់ដំណោះស្រាយលើខ្សែ សង្វាក់ផ្គត់ផ្គង់ពីដើមដល់ចប់ ជាដៃគូរដល់ក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោកនៅទូទាំងទីក្រុងជាង ១០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់គម្រោងនៅកម្ពុជា ក្រុមហ៊ុន YCH បានចាប់ដៃជាមួយក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុប ដើម្បីសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពញ តម្លៃ២០០លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ពាណិជ្ជករកំពុងអភិវឌ្ឍលើវិស័យភស្តុភារកម្ម និងដឹកជញ្ជូន អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ក៏បានបញ្ជាក់ដែរថា គម្រោងនេះនឹងល្អសម្រាប់ការអភិវឌ្ឍប្រទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី កត្តាដែលជំរុញក្រុមហ៊ុនវើលដ៍ប៊្រីដសម្រេចចាប់ជាដៃជាមួយ YCH គឺដោយសារក្រុមហ៊ុននេះមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកលើការបណ្តុះបណ្តាលធនធាន និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានបង្ហាញជំនឿជឿជាក់ថា វានឹងជួយរួមចំណែកធ្វើឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានភាពរីកចម្រើននិងការប្រកួតប្រជែងមួយកម្រិតទៀត៕