សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កម្ពុជានៅតែបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ និងមេដឹកនាំសាសនា គ្រប់និកាយ បងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រ និងចូលរួមឱ្យបានផុលផុស និងខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់»។
សម្ដេចក្រឡាហោម បន្ថែមថា សមត្ថកិច្ចត្រូវបន្តផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយក្នុងគ្រប់មជ្ឈដ្ឋាន និងគ្រប់ច្រកល្ហក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស បន្តសហការណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់កម្លាំងសមត្ថកិច្ច ត្រូវតាមដានសភាពការណ៍ជួញដូរមនុស្សឱ្យបានជាប់ជាប្រចាំ ហើយដាក់ចេញនូវវិធានការណ៍បង្ក្រាបប្រកបដោយវិជ្ជាជីវៈ។ ជាមួយគ្នានេះ ក៏ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលក្នុងនោះក៏មានចែងអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕