លោក គង់ វិបុល ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ចំណូលពន្ធដារ នៅតែអាចសម្រេចបានលើសផែនការ

សង្គម​ និង​សេដ្ឋកិច្ច

លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបាន ការប្រមូលចំណូលពន្ធលើសផែនការ ដែលតម្រូវដោយច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “វិបស្សនា ស្ដីពី វឌ្ឍនភាព នៃប្រព័ន្ធគ្រប់គ្រង ទិន្នន័យសម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax services) របស់អគ្គនាយកដា្ឋនពន្ធដារ” កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកអគ្គនាយកដ្ឋានពន្ធដារ នៅតែមានលទ្ធភាពប្រមូលចំណូលពន្ធបានគ្រប់និងលើសផែនការ។ ជាក់ស្ដែង សម្រាប់រយៈពេល១១ខែ ក្នុងឆ្នាំ ២០២២នេះ – ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៣,០១៦,៩៣ ប៊ីលានរៀល (ប្រមាណជា ៣,២១៤,០៦ លានដុល្លារ) ស្មើនឹង ១១៣៩៩% នៃផែនការប្រចាំឆ្នាំ ពោលគឺបានលើសផែនការ ដែលកំណត់ដោយច្បាប់ក្នុង រង្វង់ប្រមាណ ១៤%។

លោកបន្តថា និរន្តរភាពនៃការគ្រប់គ្រងចំណូលពន្ធជាផ្លែផ្កា កើតចេញពីកំណែទម្រង់ទំនើបកម្មរដ្ឋបាលសារពើពន្ធ ទាំងលើ មុខងារស្នូលនិងមុខងារគាំទ្រ និងកើតចេញពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចប្រកបដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់។

លោកបន្តថា កម្មវិធីវិបស្សនានេះ ផ្តល់ឱកាសដល់អ្នកជាប់ពន្ធ និងសាធារណជន បន្តចូលរួមផ្ដល់នូវមតិយោបល់ ឬធាតុចូលនានា ដើម្បីផ្តល់លទ្ធភាពឱ្យអគ្គនាយកដ្ឋានពន្ធដារ អាចកែលម្អនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែល្អប្រសើរ ស្របតាមការពេញចិត្តរបស់អ្នកជាប់ពន្ធ។

លោករដ្ឋមន្ត្រីលើកឡើងថា កំណែទម្រង់ពន្ធដារ គឺសម្រេចឱ្យបានរដ្ឋបាលកិច្ចល្អ និងឈានទៅសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការកែទម្រង់ដ៏ធំមួយ របស់ប្រព័ន្ធពន្ធដារកម្ពុជា គឺការផ្លាស់ប្តូរពីការបំពេញឯកសារប្រកាសពន្ធដោយដៃ ទៅជាការអនុវត្តការប្រកាសពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ អ្នកជាប់ពន្ធអាចស្នើសុំកែតម្រូវលិខិត ប្រកាសតាមអនឡាញបាន ក៏ប៉ុន្តែទិន្នន័យចាស់នឹងនៅតែបន្តរក្សាទុកក្នុងប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

លោកបានបន្ថែមទៀតថា Call-Center 1277 របស់អគ្គនាយកដ្ឋានពន្ធដារ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវបញ្ហា ប្រឈមនិងចម្ងល់នានា របស់អ្នកជាប់ពន្ធ នៅត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដែលយន្តការនេះ បានកាត់បន្ថយនូវការលើកឡើងពីបញ្ហាបច្ចេកទេសមួយចំនួន របស់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងវិស័យពន្ធដារ នៅក្នុងគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ឬគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលកន្លងមក។ លើសពីនេះ នាពេលបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ការទាក់ទងរបស់អ្នក ជាប់ពន្ធតាមរយៈប្រព័ន្ធ Call-Center មានការធ្លាក់ចុះ នាឆ្នាំបន្តបន្ទាប់ ក៏ប៉ុន្តែនេះជាសញ្ញាណល្អសម្រាប់ពន្ធដារ ព្រោះបានបង្ហាញថាការយល់ដឹងរបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិស័យពន្ធដារ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារដំណើរការល្អ។

 បើតាមលោករដ្ឋមន្ត្រី លទ្ធផលនៃការវាយតម្លៃសម្រាប់យោបល់ត្រឡប់របស់អ្នកជាប់ពន្ធ និងអ្នកប្រើប្រាស់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ (លទ្ធផលស្ទង់មតិពីភ្នាក់ងារសេវាកម្មពន្ធដារ សមាគម SME និងអ្នកជាប់ពន្ធ) ឃើញថាប្រព័ន្ធបង់ប្រាក់ពន្ធមានភាពងាយស្រួលជាងមុន ៨៨% ប្រព័ន្ធដាក់លិខិតប្រកាស មានភាពងាយស្រួលជាងមុន ៤៤% និង ប្រព័ន្ធចុះបញ្ជី មានភាពងាយស្រួលជាងមុន ៤៤% ដែរ៕ អត្ថបទ៖ រង្សី