នៅម៉ោង ៧ៈ៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។

វត្តមានអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និងមន្ត្រីការទូតកម្ពុជា ប្រចាំនៅបាំរាំងជាច្រើនរូប។
តាមផេកហ្វេសប៊ុកផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕


