ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងបារីស ប្រទេសបារាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

សន្និសីទនេះ មានការចូលរួមពីលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។
លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនាព្រឹកថ្ងៃពុធទី១៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពជាមួយប្រធានាធិបតីបារាំងយ៉ាងស្និតស្នាលដោយបានកាន់ដៃធ្វើដំណើររួមគ្នា និងអោបស្មាលាគ្នា អមជាមួយប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និងជឿទុកចិត្គគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេនុយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន”។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានចាត់ទុកថា ប្រទេសបារាំង មិនត្រឹមជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្ពុជាផងដែរ។
ទំនាក់ទំនងការទូតកម្ពុជានិងបារាំង ត្រូវបានមើលឃើញថា កំពុងបន្តដើរលើមាគ៌ាបែបប្រពៃណី ដោយភាគច្រើនផ្តោតលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
តាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ មានចំនួន ១៧៦,៧២ លានដុល្លារ កើន ៤២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងនោះការនាំចេញទៅបារាំងមាន ១៣៣,៤៩២ លានដុល្លារ កើន ៣៧,៤ ភាគរយ និងកម្ពុជានាំចូលពីបារាំង មាន ៤៣,២២៨ លានដុល្លារ កើន ៥៩,៣ ភាគរយ៕


