ADB ផ្តល់ថវិកាជិត៦៣លានដុល្លារ ជួយកែលម្អខ្សែសង្វាក់ផលិតកម្មក្នុងវិស័យបសុសត្វកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួនជិត៦៣លានដុល្លារ (៦២.៩លានដុល្លារ)ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង លើការកែលម្អសុខភាព ខ្សែសង្វាក់តម្លៃក្នុងវិស័យបសុសត្វកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយកាលថ្ងៃទី១៣ ខែធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានថ្លែងថា «អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វជាដើម»។

គួរបញ្ជាក់ថា កញ្ចប់ថវិកា ដែលនឹងប្រើប្រាស់លើ គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ ៤0.000 ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។ វាក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត។

គម្រោងនេះ នឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ៕ អត្ថបទ៖ រង្សី