ថ្លែងនៅចំពោះមុខប្រធានាធិបតីបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចប្រាប់លោក អេម៉ានុយអែល ម៉ាក្រុង ពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការនៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
គួររម្លឹកថា កីឡាកររបស់បារាំងបានលើកពានដំបូង នៅដីខ្លួនឯង ក្រោយយកឈ្នះប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្រផុយ ៣-០ ក្នុង World Cup ឆ្នាំ ១៩៩៨។ កាលណោះ បារាំងត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះដោយ FIFA ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដោយបានយកឈ្នះប្រទេសម៉ារ៉ុកក្នុងដំណើរការដេញថ្លៃ។
ជ័យជម្នះនេះបានធ្វើឱ្យបារាំងលើកពាន World Cup ជាលើកដំបូង ដោយក្លាយជាក្រុមជម្រើសជាតិទី ៦ បន្ទាប់ពីអ៊ុយរូហ្គាយ អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ខាងលិច និងអាហ្សង់ទីន ដែលឈ្នះការប្រកួតនៅលើទឹកដីខ្លួនឯង។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២នេះកំពុងធ្វើឡើងនៅក្នុងរដូវរងានេះ ដែលរៀបចំឡើងនៅប្រទេសកាតា និងជាការប្រកួតបាល់ទាត់ពិភពលោកដំបូងបង្អស់នៅតំបន់មជ្ឈិមបូព៌ា។
ប្រទេសកាតាបានចំណាយថវិកាអស់រាប់ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់កីឡដ្ឋានបើកចំហចំនួន ៧ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនេះ។ ការប្រកួតបាល់ទាត់ពិភពលោកនេះប្រព្រឹត្តទៅរយៈពេលជិតមួយខែរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២នេះ៕