គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក សាងសង់សម្រេចបានជាង ៦០% និងគម្រោងបញ្ចប់ទៅតាមផែនការគ្រោងទុក នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព អំពីដំណើរការសាងសង់អគារនេះដោយផ្ទាល់។ ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា បន្ទាប់ពីការសាងសង់អស់រយៈពេល ១ឆ្នាំ ពេលនេះសរុបជារួម ការសាងសង់សម្រេចបាន ៦០% ហើយ។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិតចាប់ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ អគារដ៏ធំនេះ ទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

សូមរំលឹកថា អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ ដែលមានផ្ទៃដីសរុបទំហំ៥,៦ ហិចតា ផ្នែកខាងមុខនៃអាគារនេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។

ចំណែកឯប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន៥ លំនាំតាប្រាសាទអង្គវត្តកំពូល៥ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធំ្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តសមជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២១មក អគារស្ថាប័នរដ្ឋដ៏ស្កឹមស្កៃជាច្រើន ត្រូវបានសាងសង់ថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់ តួយ៉ាងដូចជា អគារក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១, អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ពោធកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១, អគារក្រសួងការពារជាតិថ្មី បានសម្ពោធកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចគ្នាផងដែរ៕
