ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជា អាចនឹងមានការបិទមួយភូមិ ឬកន្លះភូមិ ប្រសិនបើរកឃើញតំបន់ណាមានអ្នកឆ្លងមេរោគកូវីដ១៩ច្រើន។
សម្តេចថ្លែងដូច្នេះថា« បើសិនមានករណីឆ្លងច្រើន យើងត្រូវបិទ បិទមួយភូមិ ឬកន្លែងណាមានតាមការជាក់ស្តែង។ បើផ្ទះអ្នកឆ្លងនៅដាច់ដោយឡែក យើងបិទតែផ្ទះគាត់ តែបើនៅជាប់ៗគ្នា គឺត្រូវតែបិទទាំងអស់ហើយ»។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីជួបជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា វីរុសកូវីដ-១៩ បានឆ្លងចូលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចូលរួមថែរក្សានូវអនាម័យឲ្យបានល្អ និងអនុវត្តតាមការណែនាំរបស់ក្រសួងឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្នអ្នកផ្ទុកជំងឺឆ្លងCOVID-19 នៅកម្ពុជា កើនឡើងជាង ១០០នាក់ ហើយ៕