អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច ប្រញាប់រួសរាន់បង់ពន្ធ និងអាករ នៅតាមបណ្តាអង្គភាពគយនិងរដ្ឋកររាជធានី ខេត្ត ដើម្បីចៀសវាងពីការបង្រ្កាបដោយចៃដន្យណាមួយពីមន្រ្តីគយ និងរដ្ឋករមានសមត្ថកិច្ច។
បើតាមអគ្គនាយកដ្ឋានគយ កាលពីថ្ងៃទី១៣ តុលា ២០២២ បានអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។
យ៉ាងណា គយថា គិតមកដល់ពេលនេះ មានម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗ ភាគច្រើនលើសលប់ បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានចូលមកបង់ពន្ធ និងអាករ ដែលជាកាតព្វកិច្ចនៅឡើយ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីចៀសផុតពីការបង្រ្កាបដោយមន្រ្តីគយ និងរដ្ឋករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុណាមួយ សូមម្ចាស់យានយន្តបំពេញកាតព្វកិច្ចតាមបណ្តាអង្គភាពគយ និងរដ្ឋកររាជធានី ខេត្ត ដែលសមីខ្លួនបានចុះបញ្ជី មុនថ្ងៃទី ៣១ ធ្នូ ២០២២ជាកំហិត។ ចំពោះរថយន្តដែលមិនបំពេញកាតព្វកិច្ចត្រឹមថ្ងៃកំណត់ខាងលើនឹងត្រូវបង្រ្កាបដោយរឹបអូស ដោះជាគ្រឿងបន្លាស់ឬកម្ទេចចោល តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ។
គួររម្លឹកផងដែរថា គិតត្រឹមថ្ងៃឱសានវាទ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅកម្ពុជា ប្រមាណជាង ៩ ៨០០គ្រឿង បានទៅចុះបញ្ជី និងបង់ពន្ធ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល អនុញ្ញាត្តឱ្យរថយន្តចង្កូតស្តាំទាំងនោះ អាចបង់ពន្ធបានដោយមិនបាច់កែចង្កូត៕