ព្រឹត្តិការណ៍ការរត់អន្តរជាតិប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់សម្រាប់មន្ទីរពេទ្យកុមារ គន្ធបុប្ផា លើកទី៧ លើភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ចប់ពោរពេញទៅដោយ បរិយាកាសរីករាយក្រៃលែង។ នៅថ្ងៃទី ១៦ ខែធ្នូនេះផងដែរ សណ្ឋាគារ ឋានសួគ៌សុខា ដែលមាន លោក កែវ សិទ្ធជាតំណាង បាននាំយកថវិកា ចំនួន ៤០០០ ដុល្លារ និងទឹកពិសា ឋានសួគ៌បូកគោ ចំនួន ១០០ កេស ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ព្រឹត្តិការណ៍ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ នៅលើភ្នំបូកគោ ត្រូវបានរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ដែលទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ សម្រាប់រយៈពេល ៧ឆ្នាំនេះ ថវិកាដែលទទួលបានព្រឹត្តិការណ៍សប្បុរសនេះ បានផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន $31,700 ។
លោក កែវ សិទ្ធដែលជាអ្នកតំណាងអោយសណ្ឋាគារ ឋានសួគ៌សុខា ក៏សូមអំពាវនាវដលក់លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងកុមារា កុមារី ទាំងអស់ដែលស្នេហាវិស័យកីឡា និងឆ្លៀតពេលទំនេរ ចូលរួមកម្មវិធីនេះ អោយបានច្រើនកុះករ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។
លើសពីនេះទៅទៀត កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។