នៅក្នុងឳកាសអបអរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អនុសាសន៍ចំនួន៥ចំនុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពីភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត។
អនុសាសន៍ចំនួន៥ចំនុចរបស់សម្តេចតេជោ ហ៊ុន សែន នោះរួមមាន៖
១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាស
និយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងំសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន
សារព័ត៌មាន។
២-បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។
៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។
៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យ
កាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩
បានគ្រប់ៗគ្នា។
៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងក្នុងការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបានដឹង និងស្វែងយល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះទើបបញ្ចប់នាពេលថ្មីៗកន្លងមកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជា សម្រេចបាន។
គួរបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាវេទិកាដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន បានជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយ បញ្ហាដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពនៃស្ថាប័នសារព័ត៌មាន ព្រមទាំងពង្រឹងការអនុវត្ត ក្រុមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។