ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃពុធ ទី៣មករាម្សិលមិញ បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលអំពីការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លើទំព័រហ្វេសប៊ុក។
គម្រោងអភិវឌ្ឍន៍កោះមរកត ឫកោះពស់ ដែលលាតសន្ធឹងលើផ្ទៃដី ១.១៦០.០៣៥ ម៉ែត្រការ៉េ ឫស្មើប្រមាណ ១១៦.០០៣៥ ហិកតា គឺជាគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងការប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។
តំបន់អភិវឌ្ឍន៍កោះពស់មានចម្ងាយ ១៨គីឡូម៉ែត្រ ពីប្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ។ ក្នុងគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ មានដូចជា កសាងតំបន់អភិវឌ្ឍន៍អចលនទ្រព្យសម្រាប់លំនៅឋាន អគារពាណិជ្ជកម្ម និងកន្លែងកម្សាន្តលើផ្ទៃដី ១២០ហិកតារ ដែលគម្រោងនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ ដោយគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយពេលក្នុងការអភិវឌ្ឍ ១០ឆ្នាំ។
គួររម្លឹកថា គម្រោងអភិវឌ្ឍន៍ កោះពស់ បានទទួលអាជ្ញាប័ណ្ណអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល កម្ពុជា កាលពី ខែកញ្ញា ឆ្នាំ២០០៦ និងបានចាប់ផ្តើមសាងសង់ស្ពាននៅ ឆ្នាំ២០០៨។
ដើម្បីអភិវឌ្ឍន៍តំបន់កោះពស់ទាំងមូលឲ្យក្លាយជារមណីយដ្ឋានលំដាប់ពិភពលោក ក្រុមហ៊ុន កោះពស់ បានចំណាយថវិកា ៣០០លានអឺរ៉ូ ឬប្រហែលជាង ៤០០លានដុល្លារ។ ការវិនិយោគកោះពស់ឲ្យក្លាយទៅជាទីកម្សាន្តមួយថ្នាក់ពិភពលោកនេះ គេរំពឹងទុកថានឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណពី ២ម៉ឺន ទៅ ២ម៉ឺន៥ពាន់នាក់ ដែលដែលជាការវិនិយោពីមហាសេដ្ឋីជនជាតិរុស្ស៊ី គឺលោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ។
ជាមួយគ្នានេះដែរ សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨ ដែលប្រកាសព័ត៌មាននាពេលកន្លងទៅរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ មានចក្ខុវិស័យរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាប័ន្ន» ។
បន្ថែមទៀតនោះ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣៨ នឹងរួមចំណែកលើកកម្ពស់សូចនាករនៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕