គេហទំព័រឧកញ៉ាញូស៍ បានទទួលសារជាច្រើនអំពីចម្ងល់ថា តើពាក្យឯកឧត្តម លោកជំទាវ ប្រើប្រាស់សម្រាប់មុខងារ ឫដំណែងណាខ្លះ?
ថ្ងៃនេះសូមបង្ហាញត្រួសៗនូវចម្ងល់ទាំងអស់នេះ ដូចតទៅ។ ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រី ដែលមានឋានន្តរសក្ដិខ្ពស់ក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែង ឬឋានៈស្មើជា៖
– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
– នាយករដ្ឋមន្ត្រី
– ឧបនាយករដ្ឋមន្ត្រី
– ទេសរដ្ឋមន្ត្រី
– រដ្ឋមន្ត្រី
– រដ្ឋលេខាធិការ
– អនុរដ្ឋលេខាធិការ
– អគ្គនាយក
– សមាជិករដ្ឋសភា និងព្រឹទ្ធសភា
– ឯកអគ្គរាជទូត
– ក្រុមប្រឹក្សារាជធានី ខេត្ត
– អភិបាលរាជធានី ខេត្ត
ដោយឡែក សម្រាប់អស់លោកមន្ត្រីរាជការ អ្នកមុខអ្នកការដែលមានតំណែង ឬឋានៈស្មើនឹងតំណែងខាងលើ ទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។
ចំណែកឯអស់លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ឬកងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តម លោកជំទាវទេ តែបើអស់លោកអ្នកបំរើការងារជាអគ្គនាយកឡើងទៅ នៅក្នុងក្រសួងនានានោះ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។
ទន្ទឹមនឹងនេះ សម្រាប់នៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះ ដែលមានងារជា ឯកឧត្តម លោកជំទាវ រីឯអភិបាលរងឯទៀត មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ ទើបមានងារជា ឯកឧត្តម លោកជំទាវ។
គួររំលឹកផងដែរថា បើស្វាមីមានងារជាឯកឧត្តមហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕