ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ជាមួយគ្នានេះ សម្តេចថា ការរក្សាបាននូវកិត្យានុភាពអាស៊ាន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ចិនបាននោះឡើយ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នៅថ្ងៃទី១៩ ខែធ្នូ។
នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសប្រទេសចិន ដែលត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ។ ជាក់ស្តែង សម្តេចថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាល ពីឆ្នាំ ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា “តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗខាងមុខ។
តួយ៉ាងសម្តេចបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី ១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០២១, ពោលគឺកើនឡើង ២៨ ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពី បរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០។
គួរបញ្ជាក់ថា ក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសប្រទេសកម្ពុជា និងចិនវិញ ត្រូវបានសម្តេចតេជោ បានលើកឡើងដែរថា មានការរីកចម្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនផងដែរ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថាជា «មិត្តភាពដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង៣៧% បើធៀបទៅនឹងឆ្នាំ២០២០ ផងដែរ៕