ផ្លែមៀនស្រស់របស់កម្ពុជា ជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។នេះបើតាមការឱ្យដឹងពីតំណាងក្រុមនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានឱ្យដឹងថា បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ កាលខែតុលា ឆ្នាំ២០២២ កន្លងទៅ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោនឯណោះ។

លោកបានបញ្ជាក់បន្តដូច្នេះថា« ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា»។
សូមរម្លឹកដែរថា បើតាមរបាយការណ៍ពីក្រសួងកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្នចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕