រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ប្រកាសឱ្យបុគ្គលិកដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនៅទំនេរ​

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២២​ បានដឹកនាំកិច្ចប្រជុំពិភាក្សា​លេីការងារអភិវឌ្ឍធនធានមនុស្ស​របស់ក្រសួងកសិកម្ម។ ក្នុងឱកាសនោះ លោកបានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក​ និងអភិវឌ្ឍធនធានមនុស្ស​ ររៀបចំនីតិវិធីប្រកបដោយតម្លាភាពនិងប្រកាសបេីកទូលាយ​ដល់មន្ត្រីទាំងអស់​ ក្នុងការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនៅទំនេរ​ ដេីម្បីធានាប្រសិទ្ធភាព​ ប្រសិទ្ធផល​ និងនិរន្តរភាពការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សរសេរបង្ហាញនៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោក ឌិត ទីណា បានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ​ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ​ និងលក្ខណ:សម្បត្តិ​ សម្រាប់ការដាក់​ពាក្យស្នេីសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ លោកបន្តថា ក្រុមការងារក្រសួងនឹងពិនិត្យ​វាយតម្លៃ​លេីពាក្យស្នេីសុំ​ ដោយផ្អែកលេីសមត្ថភាព​ និងលក្ខណ:សម្បត្តិដែលតម្រូវ​ ដេីម្បីជ្រេីស​រេីសសបេក្ខជន​សក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីវ័យក្មេងរូបនេះ តាមរយៈក្រសួងក៏បានលេីកទឹកចិត្តឱ្យមន្ត្រីទាំងអស់​បន្តខិតខំប្រឹងប្រែងអភិវឌ្ឍ​សមត្ថភាព​ បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់​ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសេីរ​ ដេីម្បីទទួលបានឱកាសការងារ​ និងចូលរួមចំណែកកាន់តែច្រេីនថែមទៀត​ ក្នុងការបន្តកសាង​ និងអភិវឌ្ឍប្រទេសជាតិ។

លោក ឌិត ទីណា ក្រោយពីរដ្ឋសភាជាតិកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី បានប្រកាសផ្ទេរចូលកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងកសិកម្ម ជាផ្លូវការ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលបញ្ចប់មុខដំណែង ហើយតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕