សម្តេច ហ៊ុន សែន៖ ឯកអគ្គទូតអូស្រ្តាលីបានប្រឹងអស់ពីកម្លាំងកាយចិត្តជំរុញឱ្យមានទំនាក់ទំនងទ្វេភាគីល្អ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម Pablo Kang ថា បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសម្ដេច អនុញ្ញាតអោយ លោកឯកអគ្គរដ្ឋទូត អូស្ត្រាលី ដែលចប់អណត្តិ ចូលសម្ដែងការគួរសម និងជម្រាបលា កាលរសៀលថ្ងៃទី១៩ ខែធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ លោក Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ។

សម្ដេច ក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំងកូវីដ១៩ ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។ 

ជាងនេះទៀត សម្ដេចតេជោ ក៏បានបន្ថែមថា ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ដែលសិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រៀនមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ។ 

ទាក់ទិននឹងការលើកឡើងនេះ លោក Pablo Kang បានលើកឡើងដែរថា ទោះបីបេសកកម្មការទូតរបស់ ឯកឧត្តមស្ថិតក្នុងកំឡុងពេលមានជំងឺកូវីដ១៩ក៏ដោយ ឯកឧត្តម បានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការជំរុញ ការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង លើវិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី។ 

គួរបញ្ជាក់តាមរយៈជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឯកឧត្តម Pablo Kang សូមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មនៅថ្ងៃអនាគតរបស់ឯកឧត្តមផងដែរ ៕