អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ការកើនឡើងនៃ បំណុលសាធារណៈតាមរយៈកម្ចីពហុភាគី មិនបានដាក់បន្ទុកធ្ងន់ធ្ងរពេកនោះទេដល់រាជរដ្ឋាភិបាលកម្ពុជា ព្រោះជាកម្ចីដែលបានបម្រើដល់វិស័យ SME ដែលជាវិស័យស្នូលរបស់ជាតិ។ ការលើកឡើងពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចនៅពេលនេះ គឺធ្វើឡើងក្រោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារបន្ថែមដល់រដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ចីជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចំនួន៥០លានដុល្លារដល់កម្ពុជា ហៅថាកម្ចីពហុភាគី ខុសពីកម្ចីទ្វេភាគី ហេតុនេះកម្ចីពហុភាគីនេះមិនមែនជាបន្ទុកសម្រាប់រដ្ឋាភិបាលទេបើទោះបីទំហំបំណុលពីកម្ចីពហុភាគីច្រើនក្តី ព្រោះជាកម្ចីប្រភេទនេះអាចបម្រើឱ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍន៍វិស័យស្នូលរបស់ជាតិ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។
កាលពីពេលកន្លងមក ពាក់ព័ន្ធនឹងការខ្ចីថវិការពីបរទេស បើទោះបីកម្រិតបំណុលសាធារណរបស់កម្ពុជាមានការកើនឡើងក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្ដី។
ក្រសួងអះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏ត្រឹមត្រូវ និងរឹងមាំ៕ អត្ថបទ៖ រង្សី