នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញទៅពិនិត្យសាលសន្និបាត នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រៀមប្រារព្វពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៧ ចំនួន ១០០០នាក់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។

កម្មវិធីជួបជុំជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសដ៏ធំនេះ ក្រសួងធម្មការ និងសាសនា បានសម្រេចស្នើសុំសាលសន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំពិធី ហើយក្នុងការអញ្ជើញទៅពិនិត្យសាលសន្និបាតរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រឹកមិញនេះ មានការទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនដោយលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៧ នេះ គឺធ្វើឡើងដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តការងាររបស់អាចារ្យ អាចារិនី កាលពីឆ្នាំកន្លងទៅ ដោយនឹងមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងដើម្បីធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រយោជន៍រួមប្រកបដោយសុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារវប្បធម៌សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យក្នុងការដឹកនាំ និងការអនុវត្តគោលនយោបាយវិស័យសាសនា ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕





