World Bank ផ្តល់​ឥណទាន​ជាង​២០០​លាន​ដុល្លារ​ក្នុង​ការ​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​​វិញ

សង្គម​ និង​សេដ្ឋកិច្ច

​​ធនាគារ​ពិភព​លោក​ World Bank សម្រេច​អនុម័ត​ហិរញ្ញប្បទាន​ ២៧៤លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​ស្តារ​សេដ្ឋកិច្ច​ និង​ពង្រឹង​ភាព​ធន់​បន្ទាប់​ពី​រង​ប៉ះ​ទង្គិច​ពី​វិបត្តិ​នានា​ ក្រោយ​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ធនាគារ​ពិភព​លោក​នា​ថ្ងៃ​ទី​២១ ធ្នូ​នេះ​បាន​ឱ្យ​ដឹង​ថា​ ការ​សម្រេច​អនុម័ត​នេះ​ព្រោះ​ដោយ​មើល​ឃើញ​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ពី​សំណាក់​ជំងឺ​រាត​ត្បាត​កូវីដ១៩​ដោយ​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុង​ស្រុក​សរុប​បាន​ធ្លាក់​ចុះ​ដក​ ៣,១ភាគ​រយ​ ក្នុង​ឆ្នាំ​២០២០ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​វិភាគ​ទិន្នន័យ​បាន​ប​ង្ហាញ​ថា​ អត្រា​នៃ​ភាព​ក្រី​ក្រ​កើន​ឡើង​ចំនួន​ ២,៨ភាគ​រយ​ ដោយ​រុញ​មនុស្ស​ប្រហែល​ ៤៦០ ០០០នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​វិញ​។

តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ទោះ​បី​ជា​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ និង​២០២២ ក្តី​ ប៉ុន្តែ​បរិយា​កាស​ចុះ​ខ្សោយ​នៅ​ខាង​ក្រៅ​មាន​ន័យ​ថា​ លទ្ធភាព​វិល​ទៅ​ទទួល​បាន​អត្រា​កំណើន​ដ៏​រឹង​មាំ​ដែល​ធ្លាប់​មាន​មុន​ជំងឺ​រាត​ត្បាត​ ពិត​ជា​មិន​ងាយ​រក​បាន​។សង្រ្គាម​ដែលនៅ​តែបន្ត​មាន​ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែល​ជាទីផ្សារ​នាំចេញដ៏​ធំ​បំផុត​របស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះ​ឥទ្ធិពល​មិនល្អមក​លើ​ទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេស​នេះក៏ងាយ​រងគ្រោះខ្លាំង​ពីផល​ប៉ះពាល់​នៃការ​ប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ប្រធាន​គ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា​ លោកស្រី ម៉ារៀម សាលីម បានថ្លែងថា ខណៈ​ដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និង​ការរអាក់​រអួល​នានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ លោក​ស្រី​បន្ត​ថា​ ប្រតិបត្តិ​ការរបស់​ហិរញ្ញ​ប្បទាន​​នេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹង​ស្ថានភាព​សារពើពន្ធ​របស់​កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

ធនាគារ​ពិភព​លោក​បាន​គូស​បញ្ជាក់​ថា​ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់​ជួយដល់​ប្រទេសក្រីក្រ ដែល​ហិរញ្ញប្បទាន​នេះ​ទ្រទ្រង់​ដល់កំណែទម្រង់ដែល​នឹងសម្រួល​ដំណើរ ការ​​ចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់​សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួម​ទាំង​ការ​កែលម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និង​ការសម្រួល​ដល់ការ​លក់ប័ណ្ណ​បំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹង​ជួយ​សម្រួល​ដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច​ណាមួយកើតឡើង៕ ​