កម្ពុជា-អូស្រ្តាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលដែលទំហំពាណិជ្ជកម្មប្រទេសទាំង ២ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ កើនជាង ១២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ការបញ្ជាក់របស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក PABLO Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលនឹងចប់អាណត្តិ ដើម្បីសម្ដែងការគួរសមនិងជម្រាបលា កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីក៏បានបង្ហាញក្តីសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង វិស័យគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
សូមជម្រាបជូនថា ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៣២០,២១លានដុល្លារកើនឡើង ១២៧,១ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១៤១ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសអូស្រ្តាលី មាន ២២២,៥ លានដុល្លារ កើន ១៩២,៤ ភាគរយ និងទំនិញនាំចូលពីអូស្រ្តាលី មាន ៩៧,៧ លានដុល្លារ កើនឡើង ៥០,៦ ភាគរយ។
បើតាមក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី កាលពីឆ្នាំ ២០២១ មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ កើន ៥២ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕