សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ បំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

តាមរយៈបណ្តាញសង្គមនៅព្រឹកនៅថ្ងៃទី២៤ ខែធ្នូ នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួម របស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។

ស្ថានទូតអាមេរិក បញ្ជាក់ទៀតថា ”យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោស ការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ”
ដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Murphy និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ ហើយស្ថានទូតអាមេរិក ក៏បានរំពឹងថាឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការ ខិតខំក្នុងការ ពង្រឹង មិត្តភាព រវាង ប្រជាជនអាមេរិកនិងប្រជាជនកម្ពុជា៕

