សម្តេចតេជោ៖ផលិតផលកម្ពុជានាំចេញទៅចិនកាន់តែកើនឡើង ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំដែលកម្ពុជា អាចនាំផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ខណៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានចូលជាធរមានឃើញថា ទីផ្សារចិនកាន់តែទូលាយជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានចូលជាធរមាន និងបានដំណើរការរួចមក  ការបើកឱកាសឱ្យកម្ពុជាពង្រីកទីផ្សារនាំចេញ ទៅកាន់ប្រទេសចិនកាន់តែមានសន្ទុះខ្លាំងជាងមុន។ជាក់ស្តែង សម្តេចថា មុននេះទំនិញរបស់កម្ពុជានាំចេញ ទៅប្រទេសចិន ត្រូវឆ្លងកាត់ដៃប្រទេសទី៣។ ឥឡូវនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ទំនិញរបស់កម្ពុជា បាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដូចជា៖ ផ្លែចេក ស្វាយ មៀន ជាដើម។

អ្វីដែលកាន់តែពិសេសទៀតនោះ សម្ដេចតេជោ បានបញ្ជាក់ឱ្យដឹងដែរថា «ហើយខាងមុខនេះ នឹងមាននាំចេញទៅត្រីប្រារបស់កម្ពុជា ចូលទៅទីផ្សាររបស់ចិន ដែលនោះវាបានផ្ដល់ផលប្រយោជន៍ ច្រើនណាស់សម្រាប់កម្ពុជា ចិនមានប្រជាជនជាង ១ពាន់លាននាក់»។

គួរវបញ្ជាក់ដែរថា ខណៈទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំរបស់កម្ពុជា សម្ដេចតេជោ ក៏បានណែនាំផលិតករ ត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិនថែមទៀត៕