កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៤៤ម៉ឺននាក់ នាសប្ដាហ៍ចុងខែធ្នូនេះ ពោលបើគិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះគេសង្កេតឃើញមាន ខេត្តរបស់កម្ពុជាទាំង៧នេះ គឺទទួលបានភ្ញៀវច្រើនជាងគេដាច់ នាសប្ដាហ៍ចុងខែធ្នូនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា បើគិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។
ជាមួយគ្នានេះ ខេត្តដែលជាគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៧ សម្រាប់សប្ដាហ៍ចុងខែធ្នូនេះ រួមមាន៖ ១. ខេត្តព្រះសីហនុ ១៩០,០១៥នាក់ ២.ខេត្តសៀមរាប ៧៦,០២២នាក់ ៣. រាជធានីភ្នំពេញ ៣២,១៧៥នាក់ ៤. ខេត្តកំពត ២៧,៦៨១នាក់ ៥. ខេត្តបាត់ដំបង ១៩,៩៧០នាក់ ៦. ខេត្តកំពង់ចាម ១៤,១៦១នាក់ និងទី៧. ខេត្តកែប ១០,៨៧៨នាក់។

គួរបញ្ជាក់ដែរថា គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕


