របាយការណ៍ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ការដាក់ប្រាក់បញ្ញើតាមគ្រឹះស្ថានធនាគារនៅកម្ពុជា មានចំនួន ១៥៣ ០៣៣.៧ ប៊ីលានរៀល ឬប្រមាណ ៣៧ប៊ីលានដុល្លារ។
របាយការណ៍ដដែលបានបង្ហាញថា ប្រាក់បញ្ញើជាប្រាក់រៀលមាន ១០.៧% នៃចំនួនបញ្ញើសរុបដែលស្មើនឹង ១៦ ៤៣១.៥ ប៊ីលានរៀល ឬប្រមាណ ៤ពាន់លានដុល្លារ ក្នុងនោះប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៥១.៤% ប្រាក់បញ្ញើចរន្ត ២៧% ប្រាក់បញ្ញើសន្សំ ២០.១% រួមនឹងផ្សេងៗ ១.៥%។
ដោយឡែកសម្រាប់ប្រាក់បញ្ញើ ជារូបិយប័ណ្ណមានចំនួន ១៣៦ ៦០២.២ប៊ីលានរៀល ឬប្រមាណ ៣៣ពាន់លានដុល្លារ ស្មើនឹង ៨៩.៣% នៃប្រាក់បញ្ញើសរុប ក្នុងនោះប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៤៩.៣% ប្រាក់បញ្ញើចរន្ត ២០.២% ប្រាក់បញ្ញើសន្សំ ២៩% រួមនឹងផ្សេងៗ ១.៥%។
បើតាមធនាគារជាតិនៃកម្ពុជា អត្រាការប្រាក់បញ្ញើដែលវាស់ដោយកម្រិតមធ្យម ថ្លឹងតាមទំហំនៃប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានកើនឡើង ០.០៩% ដល់អត្រា ០.៨៦% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានកើនឡើង ០.២១ ដល់អត្រា ០.៦% ។ ចំណែកឯ អត្រាការប្រាក់លើប្រាក់កម្ចី ដែលវាស់ដោយកម្រិតមធ្យមថ្លឹងតាមទំហំប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានថយចុះ ០.០៨% មកអត្រា ១១.៤៦% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិក បានថយចុះ ១.៧០% មកអត្រា ៩.០៥%៕